រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង

  • 801
  • ដោយ Admin

នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ  សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីថា្នក់ ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ ក្មួយៗយុវជន សរុបប្រមាណ ២១៥នាក់។ ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង។

មានប្រសាសន៍ក្នុងអង្គពិធីឯកឧត្តម ស្វាយ សំអ៊ាង បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបអំពីពីស្ថានភាពទូទៅរបស់ខេត្តស្ទឹងត្រែង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង នាឱកាសនេះពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត និយាយជារួម និងដោយឡែកចំពោះវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍជាអន្តរវិស័យ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា អគាររដ្ឋបាលថ្មីនេះ ជាចំណងដៃមួយមិនអាចកាត់ថ្លៃបាន និងជាចលករជំរុញឱ្យមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង ខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែរក្សាអគារឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឱ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង