រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង

  • 1.0ពាន់
  • ដោយ Admin

នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីសុខាភិបាលខេត្ត។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងដៃគូអភិវឌ្ឍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តស្ទឹងត្រែង សរុបចំនួន ១៥០នាក់។

ឯកឧត្តម ស្វាយ សំអ៊ាង បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែងដែលបានបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាពទាំងការប្រឹក្សានិងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការដែលមន្ទីរបានដាក់ចេញ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍បន្តថា នៅក្នុងអំឡុងនៃផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិស័យសុខាភិបាល ក៏ដូចជាមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរងគ្រោះ។ មិនតែប៉ុណ្ណោះ មន្ត្រីសុខាភិបាលក៏ជាកងទ័ពអាវសរ ដែលបានប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតបានធ្វើឲ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរសុខាភិបាលត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងត្រូវពង្រឹងការងារហិរញ្ញវត្ថុដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តនិងមកទទួលសេវាពិនិត្យសុខភាពពីមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

គួបញ្ជាក់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តភារកិច្ចការងារបន្តឆ្នាំ២០២២ ដែលមានរយៈពេលថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះក៏មានប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលនិងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ដែលបានខិតខំបំពេញការងារបានល្អចំនួន៨០នាក់ផងដែរ៕

អត្ថបទទាក់ទង