រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង

  • 347
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
នេះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធីប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនដល់រដ្ឋាភិបាលឡាវ និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ តំណាងភាគីឡាវដែលបានអញ្ជើញមកទទួលជំនួយ វ៉ាក់សាំងនេះ មានឯកឧត្តមបណ្ឌិត ប៊ុនហ្វេន ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារទប់ស្កាត់ជំងឺកូវិដ-១៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងលោកជំទាវ ធិបផាកន ច័ន្ទថាក់វង្សា អនុរដ្ឋមន្រ្តីជាអនុប្រធានខុទ្ទកាល័យ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ពិធីនេះប្រព្រឹត្តិទៅនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល(កម្ពុជា) និងច្រកទ្វារព្រំដែនណុងណុកខៀន(ឡាវ)។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ចាក់ថា÷ ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវខាងលើនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     

ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    

ក្នុងនោះផងដែរ ឯកឧត្តម អ៊ុច បូររិទ្ធ  បានបន្ថែមថា÷ កាលពីពេលកន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគសម្ភារបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម។

ឯកឧត្តម បណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃប្រទេសឡាវ បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច ឯកឧត្តម អ៊ុច បូររិទ្ធ ដែលបានផ្តល់ជូនអំណោយនូវវ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូស ដល់ប្រទេសឡាវ នាពេលនេះ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩។

ឯកឧត្តម បណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានបញ្ជាក់បន្ថែមថា ÷ កន្លង ទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនអំណោយ ជាគ្រឿងបរិក្ខារពេទ្យ នឹង ម៉ាស់ ជាច្រើនដល់រាជរដ្ឋាភិបាលឡាវ ដើម្បីបម្រើឲ្យការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រាកព្យាបាលរបស់អ្នកជម្ងឺកូវីដ-១៩ ដោយនេះជាសកម្មភាពមួយដល់ល្អ រវាងប្រទេសទាំងពីរ ក្នុងការចូលរួមរក្សាឲ្យបាននូវចំណងមិត្តភាព សាមគ្គីភាព យូរអង្វែងមួយនេះ ឲ្យនៅស្ថិតស្ថេរ ទៅមុខបន្តទៀត៕

អត្ថបទទាក់ទង