រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសភារកិច្ចបន្ត

  • 610
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្តជូនអង្គប្រជុំរួមមាន៖ ចំពោះការសាងសង់សំណង់ត្រូវមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជ្ញាធរដែលមានសមត្ថកិច្ចនៅមូលដ្ឋាន។ មន្ទីរសុខាភិបាលខេត្តត្រូវពិនិត្យមើលទៅលើក្លីនិចឯកជនទាំងអស់ ត្រូវមានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យបច្ចេកទេស និងច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ព្រមទាំងត្រួតពិនិត្យឲ្យបានហ្មត់ចត់តាមបណ្តាប៉ុស្តិ៍សុខភាពតាមបណ្តាក្រុង ស្រុក ត្រូវមានពេទ្យជាប្រចាំការ ២៤/២៤ម៉ោង។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវាសង្គមជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន ប៉ុស្តិ៍សុខភាព និងសាលាឃុំ តាមបណ្តាក្រុង ស្រុក។ គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវផ្តល់ការគាំទ្រដល់ខណ្ឌរដ្ឋបាលជលផល ក្នុងការចាត់វិធានការការអនុវត្តបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទាំង៩ចំនុច និងច្បាប់ចរាចរណ៍តាមបណ្តាក្រុង ស្រុក ដើម្បីចាត់បន្ថយបទល្មើស រក្សាសុខសន្តិភាព ស្ថេរភាព សង្គម និងស្ថេរភាពនយោបាយ ដើម្បីមានការអភិវឌ្ឍមូលដ្ឋាន៕

អត្ថបទទាក់ទង