រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

  • 835
  • ដោយ Admin

(ខេត្តស្ទឹងត្រែង) នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងគណៈប្រតិភូអមដំណើរ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនគរបាលក្រុង/ស្រុក និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន១២០នាក់។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានប្តេជ្ញាចិត្តក្នុងការដឹកនាំអនុវត្តការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុស ច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងឲ្យមានប្រសិទ្ធិភាព និងស័ក្កសិទ្ធិភាព។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិតគ្រឿងញៀននោះឡើយ ប៉ុន្តែជាខេត្តគោលដៅដែលឧក្រឹដ្ឋជនបានចរាចរណ ដឹកជញ្ជូន និងនាំចូលដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីបន្តនាំយកទៅចែកចាយនៅបណ្តាខេត្តផ្សេងៗនាំបន្តឆ្ពោះទៅកាន់ប្រទេសទី៣។

ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ ក៏បានលើកយកទិសដៅបន្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទិសដៅ៤ចំនុច៖ 
១)-បញ្ចប់ទាំងស្រុងនៅបំណាច់ឆ្នាំ២០១៩ នេះនូវរាល់បទល្មើស 
គ្រឿងញៀន តាមបណ្តាក្លឹបកំសាន្ត និងទីសប្បាយដ្ឋាននានា។ 
២)-ត្រូវរឹតបន្តឹងការត្រួតពិនិត្យដើម្បី ទប់ស្កាត់ បង្ក្រាបលំហូរ 
គ្រឿងញៀនចូលមកកម្ពុជានាទិសឥសានតាមព្រំដែនកម្ពុជា-ឡាវ។ 
៣)-ខិតខំស្រាវជ្រាវបង្ក្រាប រាល់ទីតាំងលួចលាក់កែច្នៃគ្រឿងញៀន។ 
៤)-មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន មិនអន្តរាគមន៍ ចំពោះរាល់បទល្មើសគ្រឿងញៀន។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានមានមតិផ្តាំផ្ញើរដល់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវធ្វើការប្រជុំផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទរៀងរាល់១ខែម្តង និងមហាជនឲ្យបានយល់ជ្រួបជ្រាប អំពីគ្រោះថ្នាក់នៃគ្រឿងញៀន តម្លើងផែនទី កំណត់ទីតាំង កំណត់មុខសញ្ញា នៅភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនដើម្បីធ្វើការបង្ក្រាបឲ្យបានទាន់ពេល ជាពិសេសត្រូវយកចិត្តទុកដាក់ត្រូវពិនិត្យចំពោះការចេញចូលរបស់ប្រទេសជិតខាង៕

អត្ថបទទាក់ទង