រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែងការចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកសៀមបូក ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង ដែលស្ថិតតាមបណ្តោយដងទន្លេ

  • 537
  • ដោយ Admin

នាថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានជំនន់ទឹកភ្លៀង តាមបណ្តា ឃុំ សង្កាត់មួយចំនួន ក្នុងស្រុកសៀមបូក ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង ស្ថិតតាមបណ្តោយដងទន្លេទាំងបួន រួមមានទន្លេមេគង្គ ទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង។

ភ្លៀងបានបន្តធ្លាក់ចុះឥតឈប់ឈរនៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើឱ្យកម្ពស់ទឹកនៅតាមដងទន្លេទាំងបួននៅខេត្តស្ទឹងត្រែង បានបន្តហក់ឡើងយ៉ាងខ្លាំង រហូតធ្វើឱ្យលិចលង់ភោគផលដំណាំ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេ។ ចំពោះមុខស្ថានភាពកម្ពស់ទឹកកំពុងហក់ឡើងខ្ពស់ និងធ្វើឱ្យលិចលង់ខូចខាតភោគផលដំណាំ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ុម សារឿន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំទីទួលសុវត្តិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាលពីជំនន់ទឹកភ្លៀងទៅស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្តិភាពដែលបានរៀបចំរួចរាល់ ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារតូច កុំឲ្យលេងទឹក និងឲ្យពួកគាត់ប្រកាន់ភ្ជាប់ការ ហូរស្អាត ផឹកស្អាត និងរស់នៅស្អាត។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងត្រូវត្រៀមសម្ភារបរិក្ខាពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាលចុះនៅជាប់និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លូនគ្រប់ពេលវេលា និងក្តាប់ឱ្យបានជាក់លាក់អំពីរបាយការណ៍ការខូចខាត និងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានកើតឡើង។

នារាត្រីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដែល ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យមើលកំលាំងមានសមត្ថកិច្ចកំពុងច្រកប៉ាវខ្សាច់ ដើម្បីធ្វើទំនប់ទប់ទឹក មិនឲ្យហូរកាត់ថ្នល់ចូលក្នុងក្រុងស្ទឹងត្រែង។

សូមបញ្ជាក់យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទ៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងបានឡើងដល់ ១០,៨២ម៉ែត្រ  ដែលលើសពីប្រកាសអាសន្ន០,១២ ម៉ែត្រ ដែលកម្ពស់ទឹកដល់ចំណុចប្រកាសអាសន្ន ១០,៧០ម៉ែត្រប៉ុណ្ណោះ៕

អត្ថបទទាក់ទង