រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង តាមបណ្តាសង្កាត់ទាំង ៤ ក្នុងក្រុងស្ទឹងត្រែង និងតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសេសាន ដែលរងការលិចលង់

  • 476
  • ដោយ Admin

នាថ្ងៃព្រហស្បត្តិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានជំនន់ទឹកភ្លៀងតាមបណ្តាសង្កាត់ទាំង៤ ក្រុងស្ទឹងត្រែង និងតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសេសាន ស្ថិតតាមបណ្តោយដងទន្លេ។

ស្ថានភាពកម្ពស់ទឹកកំពុងហក់ឡើងខ្ពស់ និងធ្វើឱ្យលិចលង់ខូចខាតភោគផលដំណាំ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ឯកឧត្តម ម៉ុម សារឿន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំទីទួលសុវត្តិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាលពីជំនន់ទឹកភ្លៀងទៅស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្តិភាពដែលបានរៀបចំរួចរាល់ និងបានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារតូច កុំឲ្យលេងទឹក និងឲ្យពួកគាត់ប្រកាន់ភ្ជាប់ការ ហូរស្អាត ផឹកស្អាត និងរស់នៅស្អាត។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងត្រូវត្រៀមសម្ភារបរិក្ខាពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាលចុះនៅជាប់ជាប្រចាំនិងប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចំនួនទៀត នៅតាមទីទួលសុវត្ថិភាពតាមបណ្តាក្រុង ស្រុកទាំង ៦។

ទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងដំណំដល់ផលដំណាំ ស្រែចម្ការ សត្វចិញ្ចឹម ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងអគារសាធារណៈជាច្រើនផងដែរ។

សូមបញ្ជាក់យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងបានឡើងដល់ ១១,៥៩ម៉ែត្រ  ដែលលើសពីប្រកាសអាសន្ន០,៨៩ម៉ែត្រ ដែលកម្ពស់ទឹកដល់ចំណុចប្រកាសអាសន្ន ១០,៧០ម៉ែត្រប៉ុណ្ណោះ៕

អត្ថបទទាក់ទង