(ស្ទឹងត្រែង)នៅរសៀល ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនៅទីស្នាក់ការកណ្តាល និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៥០៣គ្រួសារ ដែលរស់នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យនិងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មានការអញ្ជេីញចូលរួមដោយ ឯកឧត្តមវេជ្ជ.បណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង។
ពិធីនេះរៀបចំឡើងនៅទីទួលសុវត្តិភាពចំនួនពីរកន្លែង ទួលសុវត្តិភាពទី១ ស្ថិតនៅក្នុងវរៈការពារព្រំដែនអូរស្វាយ ភូមិ អូរស្វាយ ឃុំវ៉ើនខាម ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ១៩៤គ្រួសារ និងទីទួលសុវត្តិភាពទី២ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋចំនួន៣០៩គ្រួសារ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាជូនចាស់ៗដែលជួបការលំបាកមួយចំនួនផងដែរ៕
