រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីចុះសំណេះសំណាល នឹងចែកអំណោយដល់ប្រជាពលរដ្ឋ ៨៤០គ្រួសារ មកស្នាក់នៅលើទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះសម្បែង

  • 652
  • ដោយ Admin

នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទីទួលសុវត្ថិភាពក្នុងបរិវេណអនុវិទ្យាល៏យអូរស្វាយ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ចំនួន ៣៧០គ្រួសារ  និងទីទួលសុត្ថិភាពស្រែក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀមបូកចំនួន ៤៧០គ្រួសារ  ក្នុងនោះមានប្រជាជនប្រមាណ ៧០០នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យដែលដឹកនាំដោយ ឯកឧត្តម    សាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយមុងជ្រលក់ថ្នាំ ថ្នាំគ្លរ៉ាមីនឫគ្លរីន  កញ្ចប់អនាម័យគ្រួសារនិងសៀវភៅអប់រំសុខភាព  ក៏បានចែកជូនដល់ប្រជាជននៅតាមទីទួលសុវត្ថិភាពទាំង២ខាងលើ  នេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ក៍បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។

ឯកឧត្តមបានបន្ថែមថា សូមឲ្យបងប្អូនដែលទទួលបាននូវមុង នេះសូមបងប្អូនត្រូវ គេងនៅក្នុងមុង ជាប្រចាំ ដើម្បីបញ្ចៀសនូវការកើតមាននូវជំងឺផ្សេងៗ មកពី មូសខាំ ដូចជា ជំងឺ គ្រុនឈាម គ្រុនចាញ់ និង រាករុះ ដែលបណ្តាលមកការបរិភោគមិនស្អាតជាដើម។

សូមបញ្ជាក់ថា​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖​  ឃីត១(មុង ភួយ សារុង  ក្រមា អាវយឺត) អង្ករ ២៥គីឡូក្រាម, មីកញ្ចប់, ត្រីខ ទឹកត្រី, ទឹកស៊ីអ៊ុវ, ឆៃប៉ូវ, សៀង, ប៊ីចេង, សាប៊ូដុះខ្លួន, សាប៊ូម្សៅ, ច្រាស់ដុសធ្មេញ, ថ្នាំដុសធ្មេញនិងថ្នាំលាបការពារកុំឱ្យមូសផងដែរ។ ដោយឡែកនៅទីទួលសុត្ថិភាពស្រែក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀមបូកប្រជាពលរដ្ឋចំនួន ៤៧០គ្រួសារ/គ្រួសារទទួលបានមុង១ ថ្នាំក្លរ៉ាមីន និងមុងចំនួន ១.០០០សម្រាប់ចែកជូនប្រជាពលរដ្ឋតាមបណ្តាឃុំ៕

អត្ថបទទាក់ទង