រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងវត្តភ្នំស្ទឹងត្រែង ជាមួយប្រជាពលរដ្ឋចំណុះជើងវត្ត

  • 717
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងវត្តភ្នំស្ទឹងត្រែង ជាមួយប្រជាពលរដ្ឋចំណុះជើងវត្ត និងបានណែនាំឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរក្រុង និងសង្កាត់ ចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់ លាស់អំពីប្រវត្តដីដែលប្រជាពលរដ្ឋតាំងលំនៅដ្ឋានជុំវិញវត្តភ្នំស្ទឹងត្រែងចំនួន២០គ្រួសារ។

សូមបញ្ជាក់ថាបញ្ហាទំនាស់ដីធ្លីបានកើតឡើងជាច្រើនឆ្នាំមកនៅម្តុំវត្តភ្នំស្ទឹងត្រែង ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ដោយទំនាស់នេះកើតឡើងរវាងគណៈកម្មការអាចារ្យវត្តនិងប្រជាពលរដ្ឋចំណុះជើងវត្ត។

ក្នុងកាសជួបប្រជុំដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាបញ្ហាទំនាស់ដីបានកើតឡើងរាំរ៉ៃជាយូរឆ្នាំណាស់មកហើយ មុនពេលដែលឯកឧត្តមចូលកាន់តំណែងជាអភិបាលខេត្តមកម្លេះ ដោយពុំមានការដោះស្រាយ រហូតមកដល់ពេលដែលអាជ្ញាធរជំនាញបានប្រកាសដាក់ជាតំបន់វិនិច្ឆ័យសម្រាប់ធ្វើការវាស់វែង ទើបមានការសើររើឡើងវិញ នៅពេលគណៈកម្មការអាចារ្យវត្ត និងចៅអធិការវត្តមិនយល់ព្រមឱ្យប្រជាពលរដ្ឋជុំវិញបរិវេណប្រមាណ២០គ្រួសារធ្វើការវាស់វែង ទើបកើតមានការកើតទុកមិនសុខចិត្ត។

ឯកឧត្តមបន្តថា ជាជំហ៊ានដំបូងអាជ្ញាធរខេត្តមិនទាន់អាចធ្វើសេចក្តីសម្រេចណាមួយឡើយចំពោះបញ្ហាទំនាស់ដីខាងលើ មានតែឱ្យខាងជំនាញដែលមានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវឡើងវិញ និងរាយការណ៍ទៅកាន់រាជរដ្ឋាភិបាលដើម្បីសម្រេច៕

អត្ថបទទាក់ទង