រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អំណោយមនុស្សធម៌របស់សហភាពសហព័ន្ធយុវជនកម្ពុជាបានចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ២.០១០គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

  • 540
  • ដោយ Admin

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ជាសមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមកចំនួន ២៦ភូមិ ឃុំចំនួន ៥ គឺឃុំសន្តិភាព, សេកុង, ថ្មកែវ ស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង សរុបចំនួន២.០១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូក្រាម។

(បញ្ជាក់)គោលដៅចែកអំណោយមានចំនួន៣ ៖ គោលដៅទី១ សាលាឃុំសន្តិភាពចំនួន២៤២ គ្រួសារ, គោលដៅទី២ នៅបន្ទាយផ្នែកសឹករងស្រុក មានឃុំថ្មកែវ និងឃុំសេកុង ចំនួន១.២៤៥គ្រួសារ, គោលដៅទី៣. នៅវត្តកញ្ចាញគោក មានឃុំស្រែសំបូរ និងឃុំព្រែកមាស ចំនួន៥២៣គ្រួសារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង