រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីកិច្ចការរដ្ឋបាលដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងឃុំ សង្កាត់

  • 804
  • ដោយ Admin

នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីកិច្ចការរដ្ឋបាលដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងឃុំ សង្កាត់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក គ្រូឧទ្ទេសថ្នាក់ខេត្ត និងសិក្ខាកាមពីបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ទូទាំងខេត្តជារូបផងដែរ៕ 

ប្រសាសន៍ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា សម្រាប់ប្រធានបទនៃវគ្គបណ្តុះបណ្តាលថ្ងៃនេះពិតជាមានសារៈសំខាន់ក្នុងការអនុវត្តមាន៖

១.កិច្ចការរដ្ឋបាលឃុំ សង្កាត់ ដែលគោលការណ៍នេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងកិច្ចដំណើរការជាសារវន្តរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

២.ការធ្វើរបាយការណ៍របស់ឃុំ សង្កាត់ គឺតម្រូវឲ្យឃុំ សង្កាត់ធ្វើរបាយការណ៍រដ្ឋបាល ព្រមទាំងទិន្នន័យប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំផ្ញើមករដ្ឋបាលក្រុង ស្រុកសាមីឲ្យបានទាន់ពេលវេលា និងជាប់ជាប្រចាំ។

៣.បែបបទនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ គឺជាគោលការណ៍មួយដើម្បីបន្តពង្រឹងរដ្ឋបាលរដ្ឋបាលឃុំ សង្កាត់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ លើការគ្រប់គ្រងភូមិនៃឃុំ សង្កាត់របស់ខ្លួន ការជំរុញ និងគាំទ្រដល់ថ្នាក់ដឹកនាំភូមិក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានសកម្ម និងតាមលទ្ធភាព ដើម្បីជួយដល់ឃុំ សង្កាត់លើការងាររដ្ឋបាលដែនដី និងសមត្ថកិច្ច។

៤.ការពង្រឹងតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ដើម្បីធ្វើជាជំនួយការក៏មានសក្តានុពល មានភាពរឹងមាំ មានភាពជាម្ចាស់លើការងារបច្ចេកទេស និងកិច្ចការដ្ឋបាលមូលដ្ឋានថ្នាក់ឃុំ សង្កាត់ដ៏មានសារៈសំខាន់។

៥.ដំណើរការនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ គោលដៅដើម្បីពន្លឿនការវិនិយោគសាធារណៈនៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងការគាំទ្រអភិវឌ្ឍពីដៃគូ សប្បុរសជននានាក្រុង ស្រុក និងក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឃុំ ប្រកបដោយការឆ្លើយតប និងបរិយាប័ន្ឋ។

ប្រធានបទទាំងប្រាំខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព ភាពជាម្ចាស់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានថ្នាក់ឃុំ សង្កាត់ ហើយក៏ជាផ្នែកមួយដើម្បីផ្តល់កាលានុវត្តភាព ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគាំទ្រដំល់រដ្ឋបាលឃុំ សង្កាត់ ឲ្យសម្រេចបាន នូវការដឹកនាំ គ្រប់គ្រងអភិវឌ្ឍមូលដ្ឋានស្របតាមប្បាប់ លិខិតបទដ្ឋាន និងក្របខណ្ឌអភិវឌ្ឍន៍ឃុំ សង្កាត់ដែលបានដាក់ចេញ ឲ្យមានវឌ្ឍនភាពជាលំដាប់ឡើង៕

អត្ថបទទាក់ទង