រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីចែកធាតុចូលជូនដល់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ស្វាយចន្ទីរនិងស្វាយកែវរមៀត ព្រមទាំងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

  • 777
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទ៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកធាតុចូលជូនដល់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ស្វាយចន្ទីរនិងស្វាយកែវរមៀត ព្រមទាំងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

ពិធីចែកនេះបានធ្វើឡើងនៅបរិវេណសាលាសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពវិញខេត្ត និងប្រជាពលរដ្ឋជាកសិករចំនួន១០០នាក់។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងភាគច្រើនប្រមាណ៨០% រស់នៅពឹងផ្អែកលើរបរកសិកម្មជាចម្បងក្រៅពីនោះប្រកបរបរជំនួញ និងសិប្បកម្មជាលក្ខណៈគ្រួសារដោយប្រើប្រាស់នូវអនុផលព្រៃឈើ ដូចនេះការខិតខំអភិវឌ្ឍន៍លើវិស័យកសិកម្មសម្រាប់កសិករខ្នាតតូច គឺជាការរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលគ្រួសារកសិករដែលដាំបន្លែសម្រាប់ហូប និងកសិករដាំបន្លែអាជីព ឬលក់។ មួយវិញទៀតការចែកធាតុចូលនេះ ជាការជួយជំរុញកំណើនផលិតភាពកសិកម្ម ទប់ទល់ជាមួយការនាំចូល ជាពិសេស គឺដើម្បីទប់ទល់ជាមួយនឹងបញ្ហាសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ-១៩ តាមរយៈការដាំដុះ ដើម្បីធានានូវសន្តិសុខស្បៀង។ ផ្អែកលើកត្តាសត្យានុម័ត និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវលើកវិធានការបម្រុងស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឲ្យបានខ្លាំងខ្លា ក្នុងស្ថានភាពដែលមានផលប៉ះពាល់ជាសកលដែលបង្កឡើងដោយជំងឺកូវីដ-១៩នេះ។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីបច្ចេកទេស និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងប្រវែង៦២៥ម៉ែត្រ (ចាប់ពីចំណុចរង្វង់មូលថ្មី ដល់កងចក្រ) ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវបេតុជាផ្លូវដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូរអង្វែងតជំនាន់ក្រោយៗ៕

អត្ថបទទាក់ទង