នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង ១២៦គ្រួសារ មកពីភូមិចំនួន៤ នៃឃុំស្រែឫស្សី និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដមួយ (មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១) រួមទាំងថវិកាមួយចំនួនជូនដល់ចាស់ជរា។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តយសសាខាកាកបាទកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តយសសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប៕












