រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រុង ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តស្ទឹងត្រែង

  • 737
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តះបណ្តាលគ្រូបង្គោលថ្នាក់ក្រុង ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តស្ទឹងត្រែង។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមគ្រូបង្គោលថ្នាក់ជាតិ អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលបានរៀបបំឡើងនេះ គឺអនុវត្តទៅស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានរៀបចំ និងអនុម័តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដែលក្នុងនោះ មានផែនការយុទ្ធសាស្ត្រគន្លឹះចំនួន៥ ជាអាទិ៍៖ ទី១-ព័ត៌មានសំដៅដល់ការលើកកម្ពស់តម្លាភាព និងភាពដែលងាយទទួលបាននូវព័ត៌មានអំពីស្តង់ដារថវិកា និងការបំពេញការងារ។ ទី២-ការត្រួតពិនិត្យតាមដាន គឺជាការសម្របសម្រួលឲ្យមានការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្តល់សេវាកម្មនៅក្នុងមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៣-ការងារថវិកា គឺជាការលើកកម្ពស់នូវសមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា។ ៤-សម្របសម្រួលការចូលរួម ដែលបានកំណត់អំពីការគាំទ្រដល់គ្រប់តួអង្គនានា និងការកសាងសមត្ថភាពតួអង្គទាំងនោ ដើម្បីសម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋនិងកិច្ចដំណើរការនានានៃគណនេយ្យភាពសង្គម និងទី៥-ការសិក្សារៀនសូត្រស្វែងយល់  គឺផ្តោតលើការប្រមូលមេរៀនបទពិសោធន៍ដែលបានមកពីការអន្តរាគមន៍នានានៅមូលដ្ឋាន ដើម្បីប្រែក្លាយបទពិសោធន៍ទាំងនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងការបំពេញការងារអង្គការសង្គមស៊ីវិលនានាក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង