រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់

  • 537
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម  រចនា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានអង្គការសង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងវេទិកាដ៏មានសារៈសំខាន់នេះសរុប  ៣៦៣ នាក់ នៅទីធ្លាបរិវេណវត្តសីហារាម(ហៅវត្តកាំងចាម) ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។

បញ្ហាប្រឈម និងសំណូមពរចំនួន៣៦ ដែលបានលើកឡើង  អង្គវេទិកាបានដោះស្រាយភ្លាមចំនួន២៥សំណូមពរ នៅសេសសល់ ១១បញ្ហាទៀត ដែលអាជ្ញាធរខេត្តយកទៅពិភាក្សានិងស្វែងរកដំណោះស្រាយបន្ត៕

អត្ថបទទាក់ទង