រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ទេយ្យវត្ថុ និងទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ ត្រូវបានថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រគេនដល់ព្រះសង្ឃគង់ចាំវស្សានៅវត្តទាំង ២៧ ក្នុងស្រុកថាឡាបរិវ៉ាត់

  • 421
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ គង់ សំអាត ព្រមទាំងមន្រ្តីរាជការ និងក្រុមការងារនាំយកទៀនចំណាំព្រះវស្សា និងបរិក្ខា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះគង់ចាំព្រះវស្សា នៅវត្តឧទ្ទិសស្សារាម(ហៅវត្តថាឡាបរិវ៉ាត់) ក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង, សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពមួយចំនួន និងមន្រ្តីរាជការសាលាស្រុកថាឡាបរិវ៉ាត់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។

ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តទាំង២៧ ដោយក្នុងមួយវត្តៗទទួលបានទៀនវស្សា ១គូ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ៣០ម៉ឺនរៀល សរុបបច្ច័យទាំង ២៧វត្ត ចំនួន ១២.៥០០.០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕

អត្ថបទទាក់ទង