រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យលោកស្រី Haruyo Nakamora តំណាងអង្កការ Jica ជួបពិភាក្សាការងារស្តីពីការបង្កើតមន្ទីរពេទ្យថ្នាក់តំបន់ នៃភូមិភាគឦសាន

  • 443
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យលោកស្រី Haruyo Nakamora អ្នកស្រាវជ្រាវជាន់ខ្ពស់នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសជប៉ុន និងក្រុមការងារ ចូលជួបពិភាក្សាការងារ នៅសាលាខេត្ត។

គោលបំណងនៃជំនួបជួបពិភាក្សាខាងលើ ដើម្បីឈ្វេងយល់អំពីស្ថានភាព ក្នុងការបង្កើតមន្ទីរពេទ្យថ្នាក់តំបន់ក្នុងភូមិភាគឦសាន ដើម្បីសំរាលដល់ប្រជាពលរដ្ឋ ទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺកាន់តែប្រសើរឡើង។ នាឱកាសនោះ លោកស្រី Haruyo Nakamora បានសុំការគាំទ្រ ពីថ្នាក់ខេត្តលើគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យថ្នាក់តំបន់ និងស្នើសុំព័ត៌មានមួយចំនួនពាក់ព័ន្ធស្ថានភាពប្រជាសាស្រ្ត និងសេដ្ឋកិច្ច សង្គមនៅក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សម្តែងការក្តីសោមនោសរីករាយសាទរ និងគាំទ្រទាំងស្រុងនូវគម្រោងផែនការដ៏មានសារៈសំខាន់ចាំបាច់ខាងលើនេះក្នុងការបង្កើតមន្ទីរពេទ្យថ្នាក់តំបន់ពាក់កណ្តាលស្វយ័ត ដែលបានជួយសម្រួលដល់ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៃបណ្តាខេត្តនៅភូមិភាគឦសាន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដើម្បីស្វែងរកសេវាថែទាំសុខភាព ដែលមានគុណភាព។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ដាក់ និងគិតគូរជាអាទិភាពបំផុតអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះបើមានមន្ទីរពេទ្យថ្នាក់តំបន់នេះកាន់តែប្រសើរ សម្រាប់ជាប្រជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាល។ ឯកឧត្តម បានលើកទឹកចិត្ត និងផ្តល់ការសហការដល់លោកស្រី Haruyo Nakamora និងក្រុមការងារ នៃអង្គការ Jica ក្នុងដំណើរចុះសិក្សាស្រាវជ្រាវ និងសូមឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕

អត្ថបទទាក់ទង